ស.ស.ស.ក ចេញរបាយការណ៍ «បណ្តឹងលើអ្នកកាសែតកម្ពុជាក្នុងឆ្នាំ២០២០»

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១០:០២ ព្រឹក

ស.ស.ស.ក ចេញរបាយការណ៍ «បណ្តឹងលើអ្នកកាសែតកម្ពុជាក្នុងឆ្នាំ២០២០» ​

 ៦ ថ្ងៃមុន ថ្ងៃទី១១ ខែមករា ២០២១

      ភ្នំពេញ៖នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចេញរបាយការណ៍ស្តីពី «បណ្តឹងលើអ្នកកាសែតកម្ពុជា ក្នុងឆ្នាំ២០២០» ដោយបានកត់សម្គាល់ឃើញថា មិនសូវមានការយកចិត្តទុកដាក់លើច្បាប់ស្តីពីរបបសារព័ត៌មាន។

របាយការណ៍បានឲ្យដឹងថា ពេញមួយឆ្នាំកន្លងទៅនេះ ស.ស.ស.ក បានទទួលបណ្តឹង និងបានជួយអន្តរាគមន៍ដោះស្រាយ ចំនួន៣៣ករណី ស្មើចំនួន២៧អង្គភាព នៅលើដែនសមត្ថកិច្ចចំនួន៥។

របាយការណ៍នេះ ឆ្លុះបញ្ចាំងតែករណីដែល ស.ស.ស.ក បានទទួលពាក្យស្នើសុំពឹងពាក់ជាផ្លូវការពីអ្នកសារព័ត៌មាន ឲ្យជួយអន្តរាគមលើរឿងក្តីរបស់ពួកគេនៅតុលាការប៉ុណ្ណោះ ដោយមិនបានរាប់បញ្ចូលនូវករណីខ្លះដ៏ទៃទៀត ក្រៅពីកិច្ចអន្តរាគមន៍របស់ ស.ស.ស.ក នោះទេ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កត់សំគាល់ឃើញថា នៅក្នុងបណ្តឹងទាំង៣៣ករណី កម្មវត្ថុនៃពាក្យប្តឹង គឺផ្តើមចេញពីមូលហេតុនៃការផ្សាយអំពីបញ្ហាទំនាស់ដីធ្លី និងការបង្ហាញទីតាំងបទល្មើស។ មិនមានការប្តឹងលើការផ្សាយទស្សនៈមតិ ឬការបរិយាយនយោបាយនោះទេ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កត់សំគាល់ឃើញដែរថា កម្មវត្ថុនៃពាក្យប្តឹងទាំងអស់ គឺសំដៅកសាងបទចោទជា «សំណុំរឿងព្រហ្មទណ្ឌ» ដែលសូម្បីតែក្នុងបណ្តឹងរវាងអ្នកសារព័ត៌មាន នឹងអ្នកសារព័ត៌មាន ក៏កសាងបទចោទជាសំណុំរឿងព្រហ្មទណ្ឌដែរ។ នេះហាក់បង្ហាញអំពីការយកចិត្តទុកដាក់នៅកម្រិតទាបបំផុតលើ «ច្បាប់ស្តីពីរបបសារព័ត៌មាន»។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ជម្រាបជូនបន្ថែមថា ស.ស.ស.ក សម្រេចមិនជ្រើសយកការចេញសេចក្តីថ្លែងការណ៍ក្នុងករណីនីមួយៗ ដោយយល់ឃើញថា វិធីបែបនេះ នឹងធ្វើឲ្យរឿងរ៉ាវខ្ទរខ្ទារ ប៉ុន្តែអាចបង្ករភាពស្មុគស្មាញក្នុងវិធីដោះស្រាយរឿងក្តី។ អាស្រ័យហេតុនេះ ស.ស.ស.ក យល់ឃើញថា និងសម្រេចយកវិធីនៃការបំពេញតួនាទីជាជំនួយនៃការស្រាវជ្រាវអង្គហេតុ ជាពន្លឺសម្រាប់តុលាការធ្វើសេចក្តីសម្រេចលើរឿងក្តីនៃមួយៗ គឺល្អបំផុត ហើយត្រឹមត្រូវតាមនីតិវិធី។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រសាសន៍ថា៖ «នៅក្នុងរបៀបនៃការអន្តរាគមន៍ករណីនីមួយៗខាងលើ គឺ ស.ស.ស.ក បានអញ្ជើញអ្នកដែលត្រូវគេប្តឹងមកសាកសួរព័ត៌មាន។ បន្ទាប់មក ស.ស.ស.ក បានរកការសម្របសម្រួលពីភាគីដើមបណ្តឹងរដ្ឋប្បវេណី និងស្រាវជ្រាវបន្ថែមលើករណីនីមួយៗ។ បន្ទាប់មក ស.ស.ស.ក ធ្វើរបាយការណ៍ជាសារណាដាក់ជូនអយ្យការអមសាលាដំបូងរាជធានី-ខេត្ត តាមដំណើររឿងក្តីនីមួយៗ ដោយបានស្នើសុំឲ្យពិនិត្យនិងចេញដីការតម្កល់រឿងទុកឥតចាត់ការ និងឬ ស្នើសុំឲ្យធ្វើការផ្សះផ្សាតាមផ្លូវច្បាប់ក្រោមស្មារតី «គោលនយោបាយឈ្នះ-ឈ្នះ»។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា លំហរសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២០ ពុំមានចំណុចព្រួយបារម្ភនោះទេ ខណៈនៅទូទាំងពិភពលោកមានអ្នកសារព័ត៌មានចំនួន៥០នាក់ត្រូវបានសម្លាប់ និងចំនួន៣៨៧នាក់ទៀតត្រូវបានឃុំខ្លួន។ អ្នកកាសែតមួយចំនួនទៀតនៅប្រទេសលោកខាងលិច រួមទាំងនៅ សហរដ្ឋអាមេរិកផង រងការធ្វើទារុណកម្មលើរាងកាយ និងត្រូវបានចាប់បោកសម្ភារៈចោល ក្នុងពេលពួកគេបំពេញការងារនៅកន្លែងមានបាតុកម្ម។

ស.ស.ស.ក សូមលើកទឹកចិត្តដល់អ្នកសារព័ត៌មាន បន្តបំពេញតួនាទីដោយឈរលើគោលការណ៍ វិជ្ជាជីវៈជាចម្បង ហើយរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ សង្គ្រាមចិត្តសាស្ត្រនៃភូមិសាស្ត្រនយោបាយ និងចូលរួមចំណែក ផ្សព្វផ្សាយ សក្តានុពល កិត្យានុភាព និងឧត្តមភាពជាតិយើង៕SRP

   

Comments

Popular posts from this blog

កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​នៅ​អន្លង់​ផ្សោត​កាំ​ពី​

ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារ

ដំណឹងបន្ទាន់ ក្រសួងព័ត៌មាន ប្រកាសលុបកាសែតក្នុងស្រុកចំនួន១៧៩អង្គភាព ចេញពីបញ្ជីផ្លូវការហើយ