កូនផ្សោតទើបកើតថ្មីមួយក្បាលនៅអន្លង់ផ្សោតកាំពី
January 30, 2019, 11:51 AM
ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិឬហៅកាត់ថាWWF-កម្ពុជាបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី៣០ខែមករានេះថាកូនផ្សោតទន្លេមេគង្គទើបកើតថ្មីមួយក្បាលត្រូវបានគេប្រទះឃើញជាលើកដំបូងក្នុងដើមឆ្នាំ២០១៩នេះ។
កូនផ្សោតទើបកើតថ្មី
ប្រភពដដែលនេះរំលឹកថានៅថ្ងៃទី២៧ ខែមករា ក្រុមអ្នកចម្លងទូកទេសចរណ៍មើលសត្វផ្សោត បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលក្នុងអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ហើយបានរាយការណ៍ជូនលោក ស្រី ស៊ីថា ជាមន្ត្រីប៉ូលីសទេសចរណ៍ ប្រចាំការនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី។បន្ទាប់មកលោកស្រីស៊ីថាក៏បានផ្តល់ព័ត៌មានជូនក្រុមការងាររបស់អង្គការ WWF-កម្ពុជា ប្រចាំខេត្តក្រចេះ។
លុះនៅព្រឹកថ្ងៃទី២៨ ខែមករា ក្រុមការងារអង្គការ WWF-កម្ពុជា បានចុះទៅពិនិត្យ និងស្វែងរកកូនផ្សោតទើបកើតថ្មីនោះ ហើយក៏បានប្រទះឃើញកូនផ្សោតទើបកើតថ្មីនោះ។ បន្ទាប់មក ក្រុមការងារក៏បានផ្តិតយករូបថតរបស់កូនផ្សោតដែលទើបកើតថ្មីនោះនិងមេរបស់វាព្រមទាំងធ្វើការអង្កេតដោយផ្ទាល់។
ប្រភពដដែលបន្តថាតាមរយៈការអង្កេតជាក់ស្តែងបានបង្ហាញថា កូនផ្សោតថ្មីស្ថិតនៅក្នុងក្រុមហ្វូងផ្សោតធំចំនួនប្រមាណប្រាំមួយក្បាល។ កូនផ្សោតទើបកើតថ្មីនេះ បានឆ្លុះបញ្ជាំងពីភាពវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ រវាងអង្គការ WWF-កម្ពុជា និងដៃគូអភិរក្សដូចជា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរ ប្រជាសហគមន៍នេសាទ ភ្នាក់ងារទេសចរធម្មជាតិ និងអាជ្ញាធរថ្នាក់ខេត្ត ស្រុកឃុំ និងដៃគូអភិរក្សនានា៕សរន
Comments
Post a Comment