ចាប់ខ្លួនលោកឃានសម្បត្តិ ឈ្មួញដឹកជញ្ជូនឈើ នៅខេត្តក្រចេះ ក្រោយប្រើអំពើហិង្សាលើអ្នកកាសែត

ខេត្តក្រចេះ៖លោកឃាន សម្បត្តិ ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនពាក់ព័ន្ធករណីបង្កហិង្សាលើអ្នកសារព័ត៌មាសេចក្ដីរាយការណ៍បានឲ្យដឹងថាអាវុធហត្ថខេត្ត បានសម្រេចបញ្ជូនជន សង្ស័យនិងវត្ថុតាង រួមមានរថយន្ដមួយគ្រឿង ទៅសាលាដំបូងខេត្ត ចាត់ការបន្ត ក្រោយពីបានឃាត់ខ្លួន និងធ្វើការសាកសួរកាលពីរសៀលថ្ងៃទី២៤ ខែសីហាឆ្នាំ២០២០ម្សិលមិញ។

យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា កម្លាំងអាវុធហត្ថស្រុកព្រែកប្រសព្វ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃាន សម្បត្តិ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកប្រាំ ឃុំព្រែកប្រសព្វ ស្រុកព្រែប្រសព្វ តាមពាក្យបណ្ដឹងរបស់ឈ្មោះ ម៉ូវ សុខឌីម ភេទប្រុស អាយុ ៥០ឆ្នាំ ជាអ្នកសារព័ត៌មាន ករណីប្រើហិង្សាដោយចេតនា។
តាមរបាយការណ៍បញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះឃាន សម្បត្តិ កាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២០បានធ្វើការដឹកជញ្ជូនឈើក្រហម(ឈើគ្រឿងផ្ទះ) តាមរថយន្ដកែច្នៃពីចំណុចព្រៃឡង់ ស្រុកសំបូរ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ លុះដល់វេលាម៉ោងប្រហែល ៤និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី២២ ខែសីហា ពេលឡានដឹកឈើឈ្មោះ ឃាន សម្បិត្ត បានមកដល់ចំណុចភូមិទួលស្រឡៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ក៏បានជួបរថយន្ដក្រុមអ្នកសារព័ត៌មានចំនួន ២រថយន្ដ ធ្វើការបិទផ្លូវ មិនឱ្យរថយន្ដដឹកឈើ ធ្វើដំណើរ ក៏មានការប៉ះទង្គិចគ្នាតែម្ដង។ ខណៈនោះដែរ ស្រាប់តែឈ្មោះ ឃាន សម្បត្តិ បានបើករថយន្ដ ម៉ាកលុចស៊ីស ៤៧០ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម ទៅប្រតាយប្រតប់គ្នា ជាមួយឈ្មោះ ម៉ូវ សុខឌីម ជាអ្នកសារព័ត៌មាន ដើម្បីកុំឱ្យថតសកម្មភាពទាំងនោះក៏បង្កើតជាករណីហិង្សានិងមានរបួសរៀងខ្លួនបន្តិចបន្ទួច ហើយឈ្មោះ ម៉ូវ សុខឌីម ក៏បានបើករថយន្ដត្រទ្បប់ក្រោយមកខេត្តក្រចេះវិញ។
តាមរបាយការណ៍អាវុធហត្ថបញ្ជាក់បន្ថែមទៀតថា ក្រោយពីស្រាវជ្រាវជុំវិញរឿងហេតុខាងលើ កំណត់ថា ឈ្មោះ ឃាន សម្បត្តិ បានប្រព្រឹត្តចំនួន ៣ករណី គឺ ទី១ ករណីដឹកជញ្ជូនឈើដោយខុសច្បាប់, ទី២ ករណីហិង្សាស្រាល និង ទី៣ ករណីក្លែងឯកសារសាធារណៈ (រថយន្ដស្លាកលេខ ខ.ម)។
សូមបញ្ជាក់ផងថាសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃឡង់ ស្រុកសំបូរ ខេត្តក្រចេះ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងទៅខេត្តត្បូងឃ្មុំបានកើតមានយ៉ាងពេញបន្ទុកកម្រមានមន្ត្រីជំនាញពាក់ព័ន្ធណាចុះបង្ក្រាបណាស់។ប្រការនេះបណ្ដាលឱ្យព្រៃឈើមួយចំនួនក្នុងតំបន់ព្រៃឡង់បានរងការបំផ្លិចបំផ្លាញធ្វើរាល់ថ្ងៃ៕

  

Comments

Popular posts from this blog

កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​នៅ​អន្លង់​ផ្សោត​កាំ​ពី​

ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារ

ដំណឹងបន្ទាន់ ក្រសួងព័ត៌មាន ប្រកាសលុបកាសែតក្នុងស្រុកចំនួន១៧៩អង្គភាព ចេញពីបញ្ជីផ្លូវការហើយ