ពលរដ្ឋគ្រោងនាំគ្នាទៅផ្ទះ សម្ដេច សខេង ឲ្យជួយសង្គ្រោះដីបឹងបាយសី និងបឹងថ្លុកត្រីក្រាញ់
ខេត្តព្រៃវែង៖ប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារគ្រោងឡើងទៅដាក់ពាក្យបណ្តឹងដល់ផ្ទះ សម្តេចក្រឡាហោមស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីឲ្យជួយសង្គ្រោះដីបឹងបាយសី និងបឹងថ្លុកត្រីក្រាញ់ ក្រោយពីមានក្រុមហ៊ុនបានឈូសឆាយរំលោភយក។ដីបឹងទាំងពីរស្ថិតនៅក្នុងឃុំកំពង់ប្រាំងនឹងឃុំកំពង់ពពឹលស្រុកពារាំងនឹងក្នុងឃុំព្រែកតាសស្រុកពោធិរៀងខេត្តព្រៃវែង។
ប្រភពបានឲ្យដឹងថាបច្ចុប្បន្នដីបឹងទាំង២នេះត្រូវបានក្រុមហ៊ុនមួយបានដាក់គ្រឿងចក្រចូលឈូសឆាយធ្វើប្រឡាយលើក ទំនប់ខ្វែងខ្វាត់យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនក្រោមលេសទិញពីប្រជាពលរដ្ឋនិងមានការទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ។ជាមួយគ្នានោះដែរគ្រឿងចក្របានកាយរំលោភយកទាំងដីស្រែចំការរបស់ប្រជាពលរដ្ឋដែលនៅជុំវិញបឹងទាំង២ផងដែរ។
ករណីបែបនេះទើបប្រជាពលរដ្ឋម្ចាស់ដីបាននាំគ្នាប្តឹងទៅអាជ្ញាធរស្រុកឲ្យជួយដោះស្រាយតែច្រើនថ្ងៃច្រើនខែកន្លងមកហើយ អាជ្ញាធរស្រុកនៅមិនទាន់បានដោះស្រាយសោះជូនពលរដ្ឋនៅឡើយទេ។ទើបពលរដ្ឋមានគម្រោងលើកគ្នាប្តឹងទៅសម្តេចក្រឡាហោម ស ខេង ដើម្បីឲ្យជួយដោះស្រាយឲ្យពួកគាត់។
លោកមិន ឆាងតំណាងឲ្យពលរដ្ឋជាង៣០០គ្រួសារបានឲ្យដឹងថាក្រុមហ៊ុននោះមិនដឹងជារបស់លោកធំណាទេប៉ុន្តែមានមេការជាអ្នកមានឥទ្ធិពលម្នាក់ឈ្មោះស៊ុម សុខ មានហៅថេតភេទប្រុសអាយុ៣៩ឆ្នាំមានទីលំនៅក្នុងភូមិព្រែក ជ្រូកឃុំកំពង់ប្រាំងស្រុកពារាំងខេត្តព្រៃវែងនិងជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ។ដោយបានដាក់គ្រឿងចក្រកាយព័ទ្ធយកដីបឹងបាយសីជិត៤០០ហិកតានិងដីបឹងថ្លុកត្រីក្រាញ់ជាង១០ហិកតាដែលស្ថិតនៅក្រោយភូមិកំពង់ប្រាំង ភូមិព្រែកតារ័ត្ន និងភូមិព្រែកជ្រូក។ក្នុងនោះដែរបានលើកទំនប់ព័ទ្ធបិទប្រឡាយមេទឹករបស់ប្រជាពលរដ្ឋនិងកាយផ្តាច់ផ្លូវដែលពលរដ្ឋធ្លាប់ឆ្លងកាត់ចូលទៅក្នុងបឹងទាំង២ជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋខាងលើបានបញ្ជាក់ថាដោយទ្រាំនឹងការរំលោភបំពាននេះលែងបានទើបពួកគាត់នាំគ្នាធ្វើលិខិតប្តឹងទៅសម្តេច ក្រឡាហោម ស ខេង ដោយស្នើសុំឲ្យសម្តេចជួយអន្តរាគមន៍ដល់ពួកគាត់ចំនួន៣ចំណុច
ទី-១ស្នើសុំបង្កើតគណៈកម្មការបើកការស្រាវជ្រាវចំពោះដីបឹងបាយសីនិងដីបឹងថ្លុកត្រីក្រាញ់ជាបន្ទាន់។
ទី-២ស្នើសុំឲ្យមន្ត្រី ជំនាញដោះស្រាយរឿងដីពលរដ្ឋទាំងអស់ដែលក្រុមហ៊ុនរំលោភយកនិងប្រគល់ឲ្យពលរដ្ឋវិញ។
ទី៣-ស្នើសុំឲ្យលើកផ្លូវដែល ក្រុមហ៊ុនបានកាយផ្តាច់ឡើងវិញដើម្បីឲ្យពលរដ្ឋមានផ្លូវអាចធ្វើដំណើរចូលទៅធ្វើស្រែនិងនេសាទត្រីនៅក្នុងបឹងទាំង២ដូចដើមវិញ។
ឆ្លើយតបនឹងការលើកឡើងខាងលើលោកហ៊ីធួកអភិបាលស្រុកពារាំងបានថ្លែងថាដីទាំងនោះមិនមែនជាដីបឹងទេគឺជាដី ពលរដ្ឋ ដោយពលរដ្ឋអាស្រ័យផល។បើចង់ច្បាស់សួរទៅលោកមេឃុំកំពង់ពពិលនិងមេឃុំកំពង់ប្រាំងទៅបានដឹងច្បាស់។
ដោយឡែកលោកសាតហ៊ាងមេឃុំកំពង់ប្រាំងបានឲ្យដឹងថាដីបឹងទាំងនោះគេលក់ទិញមានលិខិតស្នាមត្រឹមត្រូវដោយមាន
មន្ត្រីជំនាញធនធានទឹកនិងសុរិយោដីចុះពិនិត្យត្រឹមត្រូវ។ពេលនេះគេបានបង់ពន្ធផ្ទេរកម្មសិទ្ធស្របច្បាប់អស់ហើយ។
ចំណែកលោកអូនស៊ីណាតនាយខណ្ឌរដ្ឋបាលជលផលខេត្តបានឲ្យដឹងថាករណីនេះលោកនឹងស្នើសុំទៅប្រធានមន្ទីរ កសិកម្មដើម្បីចុះទៅពិនិត្យមើលបើមានការទិញលក់ដីបឹងបាយសីនិងបឹងថ្លុកត្រីក្រាញ់មែននោះ។ ពាក់ព័ន្ធករណីនេះ
លោកអេង ផេងអាន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រៃវែងបានឲ្យដឹងថាលោកមិនបានដឹងទេរឿង ទិញលក់ដីបឹងខាងលើ។ទោះយ៉ាងណាបណ្ដាញសៀមរាបប៉ុស្ដិ៍នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីតំណាងក្រុមហ៊ុននៅឡើយទេ ជុំវិញការចោទប្រកាន់របស់ពលរដ្ឋនេះ៕

Comments
Post a Comment