BREAKING NEWS: យុវជនរហស្សនាម «ចំប៉ីខ្មៅ» ដែលល្បីក្នុង Facebook ត្រូវកម្លាំងនគរបាលចាប់ខ្លួននៅខណ្ឌដូនពេញ ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរ
(ភ្នំពេញ)៖ យុវជនដែលជាភេទទី៣ ដែលល្បីក្នុងបណ្ដាញសង្គម Facebook ឈ្មោះ «ចំប៉ីខ្មៅ» ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅខណ្ឌដូនពេញ នាល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិច នាយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ការចាប់ខ្លួនយុវជនភេទទី៣រូបនេះ ក្រោមការបញ្ជាផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។
ខលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជា កម្លាំងនគរបាលជំនាញបានសហការគ្នា ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជាក់ស្ដែងតែម្ដង យុវជនឈ្មោះ យិន ហេង ជាមនុស្សភេទទី៣ រហ័សនាម «ចំប៉ីខ្មៅ» កើតនៅឆ្នាំ១៩៩៦ ដែលបានធ្វើការបង្ហោះ ជាសាធារណៈដោយបានជេរប្រមាថមកលើប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងន័យមើលងាយមើលថោក សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។
លោកឧត្តមសេនីយ៍ ជា ពៅ បានឲ្យដឹងថា ក្រោយឃាត់ខ្លួនពេលនេះ ជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាន ប្រគល់ជូនកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលជាម្ចាស់ករណី ដើម្បីបន្ដសួរនាំ និងចាត់ការនីតិវិធីច្បាប់ជាធរមាន នៅអ្វីដែលបានប្រព្រឹត្ត។
សូមជម្រាបថា ការឈានទៅដល់ការឃាត់ខ្លួននេះ បន្ទាប់ពីយុវជន យិន ហេង ដែលមានគណនី Facebook ឈ្មោះ «ចំប៉ីខ្មៅ» បានបង្ហាញវីដេអូនៅលើបណ្ដាញសង្គម នៅខាងមុខព្រះបរមរាជវាំង ដោយប្រើប្រាស់នូវពាក្យពេចន៍ធ្ងន់ៗ ដោយប្រមាថទៅដល់ជាតិសាសន៍ខ្មែរ។ វីដេអូនោះ បានធ្វើឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងថ្កោលទោសឲ្យសមត្ថកិច្ចចាត់ការចំពោះបុគ្គលភេទទី៣នេះផងដែរ៕
Comments
Post a Comment