សមត្ថកិច្ច​ចុះ​រុះរើ ​និង​លុប​រណ្ដៅ​រ៉ែ​មាស ៨ កន្លែង​នៅ​ខេត្ត​ក្រចេះ


សកម្មភាពលុបរណ្ដៅរ៉ែមាសខុសច្បាប់នៅក្រចេះថ្មីៗនេះ។ Fresh News

ឃុត សុភចរិយា
26 February 2019 | 09:06 ICT

ក្រចេះ: រណ្ដៅ​អាជីវកម្ម​រ៉ែ​មាស​អត់​ច្បាប់​ចំនួន ៨ កន្លែង​នៅ​តំបន់​អូរ​ត្រូន ក្នុង​ឃុំ​ក្បាល​ដំរី ស្រុក​សំបូរ ត្រូវ​បាន​ក្រុម​អនុ​គណៈ​កម្មការ​បង្ក្រាប និង​ទប់​ស្កាត់​បទ​ល្មើស​ធនធាន​ធម្មជាតិ​ខេត្ត​ក្រចេះ ចុះ​រុះរើ និង​ឈូស​ឆាយ​ដី​ចាក់​លុប​ព្រម​ទាំង​វាយ​កម្ទេច​ឧបករណ៍​និង​សម្ភារ​មួយ​ចំនួន​ដែល​ជា​មធ្យោបាយបម្រើ​ឲ្យ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់។

លោក ខ័​ណ្ឌ ចំណាន អភិបាលរង​ខេត្តក្រចេះ​ដែល​បាន​ដឹកនាំ​ការ​បង្ក្រាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា កន្លង​មក​ក្រុម​ការងារ​របស់​លោក​បាន​ចុះ​អប់រំ​ដល់​ពលរដ្ឋ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់ និង​បាន​តម្រូវ​ឲ្យ​ពលរដ្ឋ​ចំនួន ១៥ គ្រួសារ​ចុះ​កិច្ច​សន្យា​រុះរើ​និង​លុប​ចោល​នូវ​រណ្ដៅ​ដី​អាជីវកម្ម​រ៉ែ​មាស​របស់​ពួកគេ​ដោយ​ខ្លួន​ឯង​ក្នុង​រយៈពេល ១ សប្ដាហ៍។

លោក​បាន​បន្តថា៖ «ប៉ុន្តែ​រហូតមកទល់​ថ្ងៃ​ចុង​សប្ដាហ៍​មុននេះ ក្រុម​ការងារ​របស់​យើង​បាន​ពិនិត្យ​ឃើញ​នៅ​មាន​សេស​សល់ ៨ កន្លែង​ទៀត​មិន​ទាន់​ធ្វើ​តាម​កិច្ច​សន្យា ដូច្នេះ​សមត្ថកិច្ច​យើង​ចាំបាច់​ត្រូវតែ​ចុះ​រុះរើ​និង​លុប​ចោល​នូវ​អាជីវកម្ម​រណ្ដៅ​រ៉ែ​មាស​ខុស​ច្បាប់​ទាំង​នោះ»។

បើតាម​លោក ចំណាន ចាប់តាំងពី​ឆ្នាំ ២០១១ មក តំបន់​អូរ​ត្រូន ត្រូវ​បាន​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ Xing Yuan Kanng Yeak Co., Ltd ទទួល​បាន​អាជ្ញា​ប័ណ្ណ​ពី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​លើ​ផ្ទៃដី​ទំហំ ២៨ គីឡូម៉ែត្រ​ការ៉េ។ ប៉ុន្តែ ៣-៤ ឆ្នាំ​​កន្លង​មក​នេះ ក្រុមហ៊ុន​បាន​ផ្អាក​ដំណើការ​អាជីវកម្ម​បណ្ដោះ​អាសន្ន បន្ទាប់​ពី​មាន​ករណី​ស្រុត​រណ្ដៅ​ដី​រ៉ែ​មាស​សង្កត់​ស្លាប់​និង​របួស​កម្មករ​ជាច្រើន​នាក់។

លោក​បាន​ថ្លែងថា យ៉ាងណាក៏ដោយ កាលពី​ពាក់កណ្ដាល​ឆ្នាំ ២០១៨ ក្រុមហ៊ុន​បាន​ចាប់​ផ្ដើម​ជួស​ជុល​និង​រៀបចំ​ខួង​រណ្ដៅ​រ៉ែ​មាស​នោះ​ឡើង​វិញ។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​ក្នុង​តំបន់​នោះ​ឲ្យ​បញ្ឈប់​ធ្វើ​អាជីវកម្ម​ជីក​រណ្ដៅ​រ៉ែ​មាស​លួច​លាក់​ក្នុង​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ត​ទៅ​ទៀត បើ​ពុំ​ដូច្នោះ​ទេ​ក្រុមហ៊ុន​នឹង​ប្ដឹង​ពួកគេ​ឡើង​តុលាការ។

លោក សុខ គី​រី​រតន៍ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នោះ​កាល​ពី​ថ្ងៃ​សុក្រ និងថ្ងៃ​សៅ​រិ៍​សប្ដាហ៍​មុន​បាន​ថ្លែង​ថា វិធាន​ការ​លើក​នេះ​គឺ​អាជ្ញាធរ​បាន​សម្រេច​កម្ទេច​ចោល​រោង​សិប្បកម្ម​តូចធំ​ចំនួន ៨ ដោយ​បាន​ប្រើ​អេស្កាវ៉ាទ័រ ២ គ្រឿង​និង​ប៊ុល​ឌូស៊ែរ ១ គ្រឿង មក​ឈូស​ឆាយ​និង​កាយ​ដី​លុប​រណ្តៅ​រ៉ែ​មាស​ខុស​ច្បាប់​ទាំង​នោះ​ចោល​ឲ្យ​អស់​តែ​ម្តង។

លោក​បាន​បញ្ជាក់ថា៖ «ប្រតិបត្តិការ​នេះ សមត្ថកិច្ច​យើង​បានសម្រេច​លុបបំបាត់​ទាំង​ស្រុង​នូវ​រណ្តៅ​រ៉ែ​មាស​ខុស​ច្បាប់​ចំនួន ៨ និង​កាយ​ដី​ចាក់​លុប​ស្រះ​តូចៗ​ដែល​គេ​រក្សា​ទឹក​ទុក​ធ្វើ​សកម្មភាព​កិន​ដី​និង​ថ្ម​រ៉ែ​បាន ១២ ស្រះ​ឈូស​ពង្រាប​ពំនូក​ដី​រ៉ែ​ចោល​បាន ២០ ពំនូក និង​បាន​ឲ្យ​អ្នក​ភូមិ​ដែល​បាន​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ខុស​ច្បាប់​របស់​ខ្លួន​ដោយ​ព្រមាន​ថា​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ក្នុង​ករណី​មាន​បណ្ដឹង​ពី​ខាង​ក្រុមហ៊ុន»។

ទាក់ទិន​ករណីនេះ លោក ឃិន ឡេង ជា​អ្នកភូមិ​ម្នាក់​ក្នុងចំណោម​អ្នក​ភូមិ ១៥ គ្រួសារ​នៅ​តំបន់​អូរ​ត្រូន​ដែល​ធ្លាប់​លួច​លាក់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​កន្លង​មក​នេះ បាន​ថ្លែង​ថា ក្រៅ​ពី​មុខរបរ​ធ្វើស្រែ​ចម្ការ អ្នក​ភូមិ​ភាគ​ច្រើន​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​តាម​បណ្ដា​ស្រុក​និង​រាជ​ធានី-ខេត្ត​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​ជីវភាព​គ្រួសារ ប៉ុន្តែ​អ្នក​ភូមិ​មួយ​ចំនួន​តូច​រួម​ទាំង​រូប​លោក​ផង​ដែរ​បាន​នាំគ្នា​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ដោយ​ជីក​យក​អាចម៍​ដី​ពីរ​ណ្ដៅ​រ៉ែ​មាស​របស់​ក្រុមហ៊ុន ដែល​បាន​បិទ​ចោល​មក​កិន និង​កែច្នៃរក​មាស​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ។

លោក​ថា៖ «អាជីវកម្ម​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​របស់​ខ្ញុំ​ប៉ុន្តែ​យើង​ក៏​មិន​អាច​ជំទាស់​នឹង​បម្រាម​របស់​អាជ្ញាធរ​ដែរ​ព្រោះ​យើង​គ្មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ។​ម្យ៉ាង​ទៀត​រណ្ដៅ​រ៉ែ​មាស​ទាំង​នោះ​ជា​របស់​ក្រុមហ៊ុន​ដែល​គេ​ទទួល​បាន​សិទ្ធិ​ពីរ​ដ្ឋ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អាជីវកម្ម​រ៉ែ​មាស​នេះ»។

កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ខាង​ក្រុមហ៊ុន​បាន​ដឹក​ឧបករណ៍ និង​សម្ភារ​បច្ចេកទេស​ចំនួន ៣ កុង​តឺន័រ​ចូល​ទៅ​ក្នុង​ការដ្ឋាន​រប​ស់​គេ​ដើម្បី​ដំណើការ​អាជីវកម្ម​របស់​ពួកគេ​ឡើង​វិញ។

នេះ​បើតាម លោក សុខ យឿន មេភូមិ​អូរ​ត្រូ​ន កាលពី​ម្សិលមិញ។ លោក សុខ យឿន បាន​ថ្លែង​ថា​នៅ​ពេល​ក្រុមហ៊ុន​ចាប់​ផ្ដើម​ដំណើរការ​អាជីវកម្ម​រ៉ែ​មាស​ឡើង​វិញ​នោះ អ្នក​ភូមិ​ដែល​ចូល​ចិត្ត​ប្រកប​មុខរបរ​ធ្វើ​រ៉ែ​មាស
អាច​ទៅ​បម្រើ​ការងារ​ជា​កម្មករ​ផ្នែក​អណ្ដូង​រ៉ែ​មាស​ឲ្យ​ក្រុមហ៊ុន​ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​ពី​ការងារ​ស្រែ​ចម្ការ​របស់​ពួកគេ​បាន ៕

Comments

Popular posts from this blog

កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​នៅ​អន្លង់​ផ្សោត​កាំ​ពី​

ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារ

ដំណឹងបន្ទាន់ ក្រសួងព័ត៌មាន ប្រកាសលុបកាសែតក្នុងស្រុកចំនួន១៧៩អង្គភាព ចេញពីបញ្ជីផ្លូវការហើយ