ផ្លូវជាតិ​លេខ៧ ពីក្រុង​ក្រចេះ-ស្រុក​សំបូរ ប្រវែង​ ៩៣​គីឡូម៉ែត្រ សម្រេច​ការ​ស្តារឡើងវិញ​ ១០០%​ហើយ

 ថ្ងៃនេះ ម៉ោង 08:41


 ចំនួនមតិ 0 |  ចំនួនចែករំលែក 17

កំណាត់​ផ្លូវជាតិ​លេខ​៧​ ពី​ចំណុច​គីឡូម៉ែត្រ​លេខ​៣៣១ (​រង្វង់​មូល​ខ្លា​ស្ទុះ​) ​ស្ថិតក្នុង​ភូមិ​កា​ប៉ូ ​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ រហូតដល់​ចំណុច​គីឡូម៉ែត្រ​លេខ​៤២៤ ចំណុច​អូរ​កណ្តៀរ​ ស្ថិតក្នុង​ភូមិ​អូរ​ព្រះ​ ឃុំ​អូរ​គ្រៀង ​ស្រុក​សំបូរ​ ជាប់​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង​ ដោយ​មាន​ប្រវែង​ជាង​ ៩៣​គីឡូម៉ែត្រ ត្រូវ​បាន​ស្ដារ​ឡើងវិញ​​សម្រេច​ ១០០​ភាគរយ​​ហើយ គិត​ត្រឹម​​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨។

​លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ និង​លោក​​ ស្រេង​ ​ស្រស់​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ ​ចុះ​ត្រួតពិនិត្យ ​និង​វាយតម្លៃ​បច្ចេកទេស​គុណភាព​បន្ទាប់ពី​ក្រុមហ៊ុន​ចិន​​បាន​សាងសង់​ផ្លូវនេះ​រួចរាល់​ជា​ស្ថាពរ។

​លោក​ លឹម ស៊ី​ដេ​នី​ន និយាយ​ថា ​នេះ​គឺជា​គម្រោង​លើកទីមួយ​ហើយ ​ដែល​ក្រុមហ៊ុន​ភាគី​ចិន​ប្រគល់ឱ្យ​ក្រសួង​សា​ធាណ​ការ និង​ដឹកជញ្ជូន ធ្វើការ​សិក្សា គំរូ​ប្លង់​ដោយ​ខ្លួនឯង និង​ប្រើប្រាស់​នីតិវិធី​លទ្ធកម្ម​ជ្រើសរើស ទីប្រឹក្សាបច្ចេកទេស​ត្រួតពិនិត្យ សាងសង់ និង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ខ្លួនឯង​ផងដែរ។

សូម​ជម្រាប​ថា គម្រោង​ស្តារឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៧ ដែល​ជា​ជំនួយ​ឥត​សំណង​របស់ចិន​តម្លៃ​ជិត ៤០លាន​ដុល្លារ​នេះ ត្រូវ​បាន​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ០,១០​ម៉ែត្រ និង​បំពាក់​គ្រឿង​សង្ហារឹម​ផ្លូវ​ថ្នល់​គ្រប់គ្រាន់ ដែល​អនុវត្ត​ការងារ​ដោយ​ក្រុមហ៊ុន​សំណង់​សៀងហៃ​​គ្រុប (SCG)។ ​

​លោក​រដ្ឋលេខាធិការ ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម យានយន្ត ធុន​ធំ​គ្រប់​ប្រភេទ ដែល​កំពុង​ប្រើប្រាស់ លើ​ដង​ផ្លូវជាតិ​ កុំ​ដឹកជញ្ជូន​ផ្ទុក​លើស​ទំងន់​ដែល​ច្បាប់​កំណត់​ឲ្យ និង​ចូលរួម​ថែរក្សា ការពារ​នូវ​សមិទ្ធផល​នានា ជាពិសេស​សមិទ្ធផល​ផ្លូវជាតិ​លេខ​៧​នេះ​ ដើម្បី​ប្រើប្រាស់​ឱ្យ​នៅ​គង់វង្ស​បានយូរ​អង្វែង​និង​បញ្ចៀស​នូវ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ ដែល​កើតឡើង​ជាយថាហេតុ៕

Comments

Popular posts from this blog

កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​នៅ​អន្លង់​ផ្សោត​កាំ​ពី​

ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារ

ដំណឹងបន្ទាន់ ក្រសួងព័ត៌មាន ប្រកាសលុបកាសែតក្នុងស្រុកចំនួន១៧៩អង្គភាព ចេញពីបញ្ជីផ្លូវការហើយ