ពេទ្យទេវតាលោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ទទួលមរណភាព
September 9, 2018, 7:30 PM
ដោយ: មុនីរ័ត្ន / ភ្នំពេញ: លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ទទួលមរណភាពនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស។ នេះបើតាមការបញ្ជាក់របស់លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា (រូបឯកសារ)
លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសលាលែងពីតំណែង តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផាចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។ មូលហេតុដែលប្រកាសលាឈប់នេះ ដោយសារលោកវេជ្ជបណ្ឌិត Beat Richner ធ្លាក់ខ្លួនឈឺធ្ងន់។
លោកBeat Richner ប្រគល់តំណែងតួនាទីទៅឲ្យលោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធានមន្ទីរពេទ្យនាពេលបច្ចុប្បន្ន។
បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផាមានបុគ្គលិកកំពុងបំរើការងារចំនួនពីរពាន់ប្រាំរយនាក់។
លោកវេជ្ជបណ្ឌិត Beat Richner មានវ័យ ៧១ឆ្នាំគឺជាជនជាតិស្វីស។ ដំបូងឡើយលោក Beat Richner បានធ្វើការអោយកាកបាទក្រហមប្រទេសស្វីស។ តែក្រោយ មកលោកត្រូវបានបញ្ជូនមកធ្វើការនៅកម្ពុជាចន្លោះឆ្នាំ ១៩៧៤ដល់ឆ្នាំ ១៩៧៥។ តែលោកត្រូវបង្ខំចេញទៅប្រទេសកំណើតវិញ នៅពេលដែលខ្មែរក្រហមបានចូលមកកាន់កាប់ប្រទេសកម្ពុជា ។ ហើយនៅក្នុង ១៩៩១ លោក Beat Richner បានត្រឡប់មកកម្ពុជា និងសុំឲ្យរដ្ឋាភិបាលសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញ បន្ទាប់ពីមន្ទីរពេទ្យមួយនេះរងការបំផ្លិចបំផ្លាញ។
មន្ទីរពេទ្យគន្ធបុប្ផាដែលពលរដ្ឋនិយមហៅជាទូទៅថា ពេទ្យទេវតាដែលព្យាបាលកុមារខ្មែររាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗឥតថ្លៃនោះ គិតរហូតមកដល់ពេលនេះ មានអាយុកាល ២៥ឆ្នាំហើយ បន្ទាប់ពីដាក់ឲ្យដំណើរការក្នុងឆ្នាំ ១៩៩២។ មួយផ្នែកដើម្បីទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ដែលក្នុងមួយថ្ងៃចំណាយ ១២ម៉ឺនដុល្លារនោះលោកវេជ្ជបណ្ឌិត Beat Richner បានសម្ដែងសិល្បៈតាមរយៈការលេងសូរឡូ ឬកូដវីយូឡុង ដើម្បីប្រមែប្រមូលថវិកាជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ឆា។
លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា (រូបឯកសារ)
ក្រៅពីនេះថវិកាទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា រដ្ឋាភិបាលស្វីសបានផ្ដល់ជំនួយ ៤លានដុល្លារនៅរៀងរាល់ឆ្នាំ។ រដ្ឋាភិបាលកម្ពុជាជិត ១០លានដុល្លារនៅរៀងរាល់ឆ្នាំ។ ដោយក្នុងនោះនៅឆ្នាំ ២០១៥ រដ្ឋាភិបាលកម្ពុជាបង្កើនថវិកាវិភាគទានជាសាច់ប្រាក់ចំនួន ២លានដុល្លារអាមេរិក។ ហើយឆ្នាំ ២០១៦រដ្ឋាភិបាលបង្កើនថវិកាវិភាគទានជាសាច់ប្រាក់រហូតដល់ ៦លានដុល្លារដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា។ បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផាមានប្រាំទីតាំងភ្នំពេញ ៤ទីតាំង និងសៀមរាម ១ទីតាំង។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០១៦ មន្ទីរពេទ្យគន្ធបុប្ផាចំណាយថវិកាអស់ជាង ៥០០លានដុល្លារក្នុងការព្យាបាលកុមារ។ ហើយ ២៤ឆ្នាំមកនេះមន្ទីរពេទ្យគន្ធបុប្ផាព្យាបាលកុមារចំនួន 16លាននាក់។ ក្នុងនោះ 1.6លាននាក់ស្ថិតនៅក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរ។ក្នុងមួយខែៗមន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញ និងនៅសៀមរាប បានជួយពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជាភាគច្រើនជាកុមារជាង ៨ម៉ឺននាក់៕
Comments
Post a Comment