ក្រសួងរៀបចំដែនដីត្រៀមកសាងប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្រីក្រ ចំនួន២ឃុំ ស្ថិតក្នុងស្រុកចិត្របុរី ខេត្តក្រចេះ
ចេញផ្សាយ ថ្ងៃទី 4 ខែ កក្កដា ឆ្នាំ 2018
វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន៖
ក្រសួងរៀបចំដែនដីត្រៀមសហការជាមួយអាជ្ញាធរខេត្តក្រចេះ ដើម្បីឈានទៅកសាងប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិតនៅក្នុងឃុំសំបុកនិងឃុំចង្ក្រង ស្រុកចិត្របុរី ដើម្បីដោះសា្រយបញ្ហាខ្វះ ទឹកស្អាតរបស់ប្រពលរដ្ឋដែលទៅរស់នៅភូមិថ្មីដែលរាជរដ្ឋាភិបាលទើបតែបង្កើតឡើង។
លោកបណ្ឌិតដោក ដូម៉ា នាយកគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ហៅកាត់ថាឡាហ្សិត និងជាអគ្គនាយករងលំនៅដ្ឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានឲ្យដឹងថា ក្រុមភាគីពាក់ព័ន្ធកំពុងសិក្សារកលទ្ធភាព សាងសង់ប្រភពទឹកស្អាត ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងគម្រោងទំាង ២ឃុំ ក្នុងស្រុកចិត្របូរីខេត្តក្រចេះនេះ ខណៈដែលពួកគាត់កំពុងជួបការលំបាកខ្វះទឹកស្អាតប្រើ ប្រាស់។
លោកបានបញ្ជាក់ថា ជាផែនការគម្រោងនឹងអភិវឌ្ឍន៍តំបន់ផ្គត់ផ្គងទឹកស្អាតចំនួន៨កន្លែង ហើយគម្រោងនឹងសាងសង់ជាលក្ខណៈនិរន្តរភាពអាចប្រើប្រាស់យូរអង្វែង។ គម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងតំបន់គម្រោងដីសម្បទានសង្គមកិច្ចនេះមានជម្រើសជាច្រើន ដូចជា កសាងស្រះទឹកស្អាត ការទាញយកទឹកពីក្រោមដីតាមរយៈប្រព័ន្ធសូឡាហើយចែកចាយទៅតាមខ្នងផ្ទះ និងការជីកអណ្តូងទឹកស្អាតដែលមានជំរៅជ្រៅហើយធំជាដើម។
លោកសា ចិន ជាសម្បទានិក ដែលទទួលបានដីសម្បទានសង្គមកិច្ចពីគម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច រស់នៅក្នុងភូមិកកុដ ឃុំសំបុក ស្រុកចិត្របូរីបានគាំទ្រ ចំពោះគម្រោងកសាងប្រភពទឹកស្អាតជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់ភូមិបង្កើតថ្មីនេះ ខណៈដែលប្រជាពលរដ្ឋពិបាកស្វែងរកប្រភពទឹកស្អាតប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ លោកថា ប្រសិនរាជរដ្ឋាភិបាលនិងអាជ្ញាធរដែនដីបានអភិវឌ្ឍន៍គម្រោងនេះបានកាន់តែឆាប់គឺកាន់តែល្អ ដើម្បីអោយប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការប្រើប្រាស់ទឹកស្អាត មិនបារម្ភពីបញ្ហាខូចសុខភាព។
សូមបញ្ជាក់ថា គម្រោងកសាងប្រភពទឹកស្អាតជាច្រើនកន្លែងនៅក្នុងឃុំសំបុក និងឃុំ ចង្ក្រង ស្រុកចិត្របុរីនេះ នឹងបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋចំនួន៨៨៥គ្រួសារ បន្ទាប់ពីពួកគេបានចេញទៅរស់នៅភូមិដែលបង្កើតថ្មី តាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិ វឌ្ឍសេដ្ឋកិច្ចជំហានទី២ ដែលអនុវត្តដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍៕
Comments
Post a Comment