អាជ្ញាធរខេត្តស្ទឹងត្រែង ចាប់ផ្ដើមជម្លៀសប្រជាជនដែលរស់នៅតាមដងទន្លេសេកុង
លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកងកម្លាំងចម្រុះនៅខេត្តស្ទឹងត្រែង ទៅកាន់ស្រុកសៀមប៉ាង នាយប់ថ្ងៃទី២៤ ខែកក្កដានេះ ដើម្បីជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព ក្រោយពីទឹកទន្លេសេកុង បានកើនឡើងខ្លាំង ដោយសារទំនប់វារីអគ្គិសនី នៅប្រទេសឡាវ បានបាក់កាលពីថ្ងៃទី២៣ ខែកក្កដាម្សិលមិញ។
លោកផាន់ យ៉ុត អភិបាលស្រុកសៀមប៉ាង បានថ្លែងបញ្ជាក់ថា នៅម៉ោងជាង ៩យប់នេះ អាជ្ញាធរកំពុងតែប្រកាសតាមម៉េក្រូ ឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេកុង ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយសារតែទឹកបានលិចបណ្តើរៗហើយ។
សូមបញ្ជាក់ថា កម្ពស់ទឹកទន្លេសេកុងនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានកើនឡើងយ៉ាងខ្លាំង នៅថ្ងៃទី២៤ ខែកក្កដានេះ ក្រោយពីមានការបាក់ទំនប់វារីអគ្គិសនី Xepian-Xe Nam Noy ខេត្តអាត់តាពើ ប្រទេសឡាវ ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា។ គិតត្រឹមម៉ោង ៨យប់នេះ ទឹកមានកម្ពស់ ១០,៩០ម៉ែត្រ កើនឡើងជិតកន្លះម៉ែត្រ បើធៀបនឹងម៉ោង ៧ព្រឹក ថ្ងៃទី២៤ ខែកក្កដានេះ (១០,៤៦ម៉ែត្រ)។ រដ្ឋបាលខេត្តស្ទឹងត្រែង បានជូនដំណឹងថា ទឹកបានបន្តហូរពីទន្លេសេកុង ចុះទៅផ្នែកខាងក្រោម ចូលទៅទន្លេសេសាន ស្រែពក និងទន្លេមេគង្គ ក្នុងល្បឿនដ៏លឿន។
ទន្លេសេកុង (រូបភាពឯកសារ)
[ខ្លីៗ] នឹងផ្សាយជូនព័ត៌មានបន្ថែម អមជាមួយរូបភាព នាពេលបន្ទាប់ទៀត!
រំលឹកផងដែរថា ទំនប់វារីអគ្គិសនី Xepian-Xe Nam Noy បានបាក់កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ម្សិលមិញ។ រហូតមកទល់ពេលនេះ មនុស្សរាប់ម៉ឺននាក់ កំពុងខ្វះទីជម្រក ខណៈមនុស្សជាច្រើនរយនាក់ទៀត បានបាត់ខ្លួន និងស្លាប់ ( ចុចអាន )។ ក្រោយការបាក់ទំនប់នេះ ក្រសួងធនធានទឹករបស់កម្ពុជា ក៏បានចេញសេចក្ដីប្រកាស ជម្រាបទៅអាជ្ញាធរខេត្តស្ទឹងត្រែង ក្រសួង ស្ថាប័នពាក់ព័ន្ធ ឱ្យត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេកុង ទៅកាន់ទីទួលសុវត្ថិភាពផងដែរ ( ចុចអាន )៕
Comments
Post a Comment