អភិបាលខេត្តក្រចេះ អញ្ជើញសួរសុខទុក្ខអ្នកពុលស្រាសនិងអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល
July 17, 2018, 11:55 AM
ដោយៈសេងឃួន/ក្រចេះ: លោក វ៉ា ថន អភិបាលខេត្តក្រចេះបានអញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារពុលស្រាស និងអ្នកជំងឺទូទៅ ជាពិសេស ស្ត្រីទើបសម្រាលកូនរួច សរុបប្រមាណជិត ៤០នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកស្នួល។សកម្មភាពនេះរសៀលថ្ងៃទី១៦ខែកក្កដា។
អភិបាលក្រចេះ អញ្ជើញសួរសុខទុក្ខអ្នកពុលស្រាសនិងអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល
ក្នុងឱកាសនោះលោកអភិបាលខេត្តបាននាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលជានិច្ចកាល សម្ដេចទាំងពីរតែងតែគិតគូយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខជីវភាពនិងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់នូវនិន្នាការនយោបាយនៅឡើយ។
លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋពេលត្រឡប់ទៅលំនៅឋានវិញ សុំឲ្យផ្អាកការទទួលទានស្រាស បណ្ដោះអាសន្នមួយរយៈសិន ដើម្បីសុខភាពទាំងអស់គ្នា និងសូមជួយផ្សព្វផ្សាយដល់ប្រជាពរដ្ឋ ដទៃទៀត មុនពិសារស្រាស ត្រូវឲ្យមានប្រភពច្បាស់លាស់ ជៀសវាងធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ខាតបង់ពេលវេលា និងទ្រព្យសម្បត្តិ។
លោក អភិបាលខេត្ត ក៏បាននាំយកនូវអំណោយមួយចំនួនជូនដល់ ជនរងគ្រោះដោយសារពុលស្រា និងមានជំងឺទូទៅជាពិសេសស្ត្រីដែលទើបសម្រាលកូនរួច៕សរន
អភិបាលក្រចេះ អញ្ជើញសួរសុខទុក្ខអ្នកពុលស្រាសនិងអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល
Comments
Post a Comment