ឯកឧត្តម ប៉ាន សូរស័ក្តិ និង ឯកឧត្តម វ៉ា ថន អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ‍«ក្រូចថ្លុងកោះទ្រង់» នៅសង្កាត់កោះទ្រង់


ឯកឧត្តម ប៉ាន សូរស័ក្តិ និង ឯកឧត្តម វ៉ា ថន អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ‍«ក្រូចថ្លុងកោះទ្រង់» នៅសង្កាត់កោះទ្រង់


ចេញផ្សាយ ថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 2018

ក្រចេះ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម វ៉ា ថន អភិបាលនៃ
គណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ក្រូចថ្លុងកោះទ្រង់» នៅសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៨។

​អញ្ជើញចូលរួមក្នុងឱកាសនោះដែរមានឯកឧត្តម លោកទំទាវ គណៈប្រតិភូអមដំណើរឯឧត្តមរដ្ឋមន្ត្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន អនុប្រធានមន្ទីរ ពាណិជ្ជកម្ម និងប្រធាន អនុប្រធានកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មកពីខេត្តចំនួន ៤ផ្សេងទៀតគឺ ខេត្ត ស្ទឹងត្រែង ខេត្ត រតនគិរី ខេត្តមណ្ឌលគិរី និងខេត្តត្បូងឃ្មុំ តំណាងអង្គការកម្មសិទិ្ធបញ្ញាពិភពលោក សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងសង្កាត់កោះទ្រង់ ជាច្រើននាក់ផងដែរ​។

​លោកស្រី Alexandra Grazioli តំណាងអង្គការ កម្មសិទ្ធិបញ្ញាពិភពលោក បានឱ្យដឹងថា ដើម្បីវាយតម្លៃពីសុពលភាពនៃក្រូចថ្លុងកោះទ្រង់ ​និងលទ្ធភាពធ្វើការរួមគ្នាជាមួយផលិតករ និងប្រតិបត្តិករ ពួកយើងបានទទួលស្គាល់ភ្លាមៗនូវគុណភាពពិសេស និងសក្កានុពលនៃក្រូច ថ្លុងកោះទ្រង់នេះ។ ប៉ុន្តែអ្វីដែលធ្វើឱ្យយើងកាន់តែមានចំណាប់អារម្មណ៍ទៀតនោះ គឺ ទឹកចិត្តនិងការប្តេជ្ញាចិត្តរបស់ប្រជាកសិករ អ្នកដាំដំណាំក្រូចថ្លុង​ទាំងឡាយ ដែលយើងបានជួប ជាលើកដំបូងនៅទីរួមខេត្តក្រចេះ និងថ្ងៃបន្ទាប់នៅលើកោះទ្រង់ សង្កាត់កោះទ្រង់ និងនៅតាម ចំការក្រូចថ្លុងរបស់ពួកគាត់។

លោកស្រីបញ្ជាក់ថា ដោយមានជំនួយនិងការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងក្រសួង ពាណិជ្ជកម្ម កាន់តែជាក់ច្បាស់ថែមទៀតពីលទ្ធភាពជោគជ័យក្នុងការអនុវត្តគម្រោងនិងការ ចុះបញ្ជី «ក្រូចថ្លុងកោះទ្រង់» ជាម៉ាកសម្គាល់ភូមិសាស្រ្ត ទំនិញក្រូចថ្លុងកោះទ្រង់ បានជោគជ័យ នៅពេលនេះ។

​លោកស្រី ជាន រីណា ប្រធានគណៈកម្មការប្រតិបត្តិ សមាគមអ្នកដាំដំណាំក្រូច ថ្លុង​កោះទ្រង់បានឱ្យដឹងថា សមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ បានចុះបញ្ជីសមាគម និងទទួល ស្គាល់ ជាផ្លូវការដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ២៥០៥ ប្រក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។

សព្វថ្ងៃសមាគមនេះ មានសមាជិកជា ផលិតករនិងអាជីវករ​សរុប ១៥៥គ្រួសារ មកពី សង្កាត់កោះទ្រង់ ក្រុងក្រចេះ និង ឃុំវឌ្ឍនៈ ស្រុកសំបូរ និងមានដើមក្រូចថ្លុងសរុប ១៣៧៩០ ដើម ហើយក្នុងចំនួននេះគឺដើមក្រូចថ្លុងចំនួ​នតែ ២៤៧៤ ដើមប៉ុណ្ណោះដែលបាននិងកំពុងឱ្យផល។

​ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា នៅលើទឹក ដីកោះទ្រង់ ក្រៅពីទេសភាពដ៏ល្អត្រកាលគ្មានពីរនាកណ្តាលដងទន្លេមេគង្គ ក្រូចថ្លុងកោះទ្រង់ គឺជាប្រភេទផ្លែឈើដែលប្រជាពលរដ្ឋនិយមដាំដុះស្ទើរគ្រប់ក្រុមគ្រួសារ ដោយគ្រាន់តែគ្រួសារ ខ្លះមានតិចគ្រួសារខ្លះមានច្រើនទៅតាមទំហំផ្ទៃដីរៀងៗខ្លួន។

ឯកឧត្តមបញ្ជាក់ថា ចំពោះការដាំដុះគឺមានលក្ខណៈធម្មជាតិ ១០០ភាគរយ ដោយសារ កោះទ្រង់គឺជាប្រភេទដីល្បាយខ្សាច់មានជីជាតិ និងមានភាពអំណោយ ផលដល់ដំណាំក្រូចថ្លុង ធ្វើឱ្យផ្លែរបស់វាមានរសជាតិផ្អែមឆ្ងាញ់ ខុសពីក្រូចថ្លុងចេញពីតំបន់ភូមិសាស្រ្តផ្សេងៗទៀត។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានអះអាងថា ដោយមើលឃើញសារៈសំខាន់នេះ ទើបក្រសួងពាណិជ្ជកម្មដែលមាន នាយកដ្ឋានកម្មសិទ្ធិបញ្ញា ជាសេនាធិការ បានខិតខំផ្តួចផ្តើម គម្រោងអភិវឌ្ឍន៍ ក្រូចថ្លុងកោះទ្រង់ ឱ្យទៅជាម៉ាកសញ្ញាភូមិសាស្រ្តទំនិញដោយ ប្រើប្រាស់ជំនួយ បច្ចេកទេស និងហិរញ្ញប្បទាន ផ្តល់តាមរយៈអង្គការកម្មសិទិ្ធបញ្ញាពិភពលោក រហូតទទួលបាន ផ្លែផ្កាគួរជាទីមោទនៈដូចពេលនេះ។

ឯកឧត្តមបានចាត់ទុកការចុះបញ្ជីកម្មសិទ្ធិបញ្ញា លើក្រូចថ្លុងកោះទ្រង់នេះ ជាសមិទ្ធិផលថ្មី មួយទៀតរបស់ក្រសួងពាណិជ្ជកម្ម បន្ថែមលើសមិទ្ធិផលជាច្រើនដែលក្រសួងទទួលបានកន្លងមក ហើយការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ក្រូចថ្លុង កោះទ្រង់» ថ្ងៃនេះ និងជួយការពារអត្តសញ្ញាណផលិតផលប្រពៃណី បង្កើតឱកាសការងារ កាត់បន្ថយការធ្វើចំណាកស្រុក និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ក្នុងសហគមន៍ នេះផងដែរ៕
ដោយ ជួន សុជាតិ(AKP)


 


Comments

Popular posts from this blog

កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​នៅ​អន្លង់​ផ្សោត​កាំ​ពី​

ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារ

ដំណឹងបន្ទាន់ ក្រសួងព័ត៌មាន ប្រកាសលុបកាសែតក្នុងស្រុកចំនួន១៧៩អង្គភាព ចេញពីបញ្ជីផ្លូវការហើយ